អ្នកវិទ្យាសាស្ត្រត្រូវបានជំរុញទឹកចិត្តដោយ ដាឡៃ ឡាម៉ា អោយសិក្សាសុភមង្គលក្នុងចិត្ត
Posted by Cheat Khemara នៅ ខែសីហា 5, 2010
សម្តេចសង្ឃ ដាឡៃ ឡាម៉ា បន្ទាប់បានស្តាប់អំពីការស្រាវជ្រាវ ផែ្នកវិទ្យាសាស្ត្រលើខួរក្បាល និងវេទនារម្មណ៍របស់ លោក រីឆាត ដេវិតសុន អ្នកវិទ្យាសាស្ត្រមកនោះសម្តេចសង្ឃ ដាឡៃ ឡាម៉ា បានអញ្ជើញ អ្នកវិទ្យាសាស្ត្ររូបនេះ មកអាស្រមរបស់ព្រះអង្គ នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៩២ ដើម្បីសួរនាំអំពីបញ្ហានេះ ។
មេដឹកនាំសាសនាទីបេតិ៍ ដែលរស់នៅនិរទេសព្រះកាយអង្គនេះ បានចោទជាសួរថា ក្រុមអ្នកវិទ្យាសាស្ត្រ តែងតែសិក្សាអំពីភាពសៅហ្មងក្នុងចិត្ត ការភ័យខ្លាច និងការព្រួយបារម្ភក្នុងចិត្ត ប៉ុន្តែហេតុអ្វី បានជាមិនអាចធ្វើការសិក្សាស្រាវជ្រាវ លើភាពរីករាយក្នុងចិត្តនិងមេត្តាករុណាទៅវិញ ។
លោក រីឆាត ដេវិតសុន អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Wisconsin បាននិយាយថា នៅពេលនោះ “ ខ្ញុំមិនអាចផ្តល់ចម្លើយដ៏ល្អ ដល់ព្រះអង្គបានទេ ” ។
ចាប់តាំងពីពេលនោះមកលោក រីឆាត ដេវិតសុន បានក្លាយជាដៃគូម្នាក់ក្នុងកិច្ចខំប្រឹងប្រែងរបស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា ក្នុងការបង្កើតទំនាក់ទំនងរវាងព្រះពុទ្ធសាសនា និងវិទ្យាសាស្ត្របស្ចិមប្រទេស ។
នៅក្នុងសប្តាហ៍នេះសម្តេចសង្ឃ ដាឡៃ ឡាម៉ា នឹងរៀបចំពិធីបើកសម្ពោធមណ្ឌលស្រាវជ្រាវ លើផ្នត់គំនិតដែលទាក់ទង ទៅនឹងបញ្ហាសុខភាពផ្លូវចិត្តនៅសកលវិទ្យាល័យ Waisman Center ជាទីដែលក្រុមអ្នកស្រាវជ្រាវជាច្រើននាក់ នឹងសិក្សាអំពីវិទ្យាសាស្ត្រដែលទាក់ទងទៅនឹង ផ្នត់គំនិតផ្លូវចិត្តនេះ ។
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេមានភស្តុងតាងបង្ហាញថា ក្រុមអ្នកកាន់សាសនាព្រះពុទ្ធ គឺពិតជាមានសុភមង្គល និងមានសេចក្តីស្ងប់ ក្នុងចិត្តជាងអ្នកកាន់សាសនាផ្សេងៗទៀត ។
ការរកឃើញនេះកើតឡើង នៅពេលដែលការសិក្សាមួយបង្ហាញថា ការធ្វើសមាធិស្មឹងស្មាធ តាមបែបសាសនាព្រះពុទ្ធ អាចជួយធ្វើអោយមនុស្ស មានអារម្មណ៍ស្ងប់ស្ងាត់បាន ៕
